សារគួរយល់ដឹងអំពីវិសាខបូជាស្រមាប់ពុទ្ធសាសនិក ៣ ប្រការ


.ថ្ងៃទ្រង់ប្រសូត

1

គ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទននៃនគរកបិលព័ស្តុតាំងព្រះគភ៍ដល់ថ្ងៃប្រសូត ព្រះនាងបានទទួលរាជានុញ្ញាត ពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហ:ដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះ។លុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលព័ស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្រឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីប្រទេសនេប៉ាល់ នាកាលសព្វថ្ងៃនេះ។

រំពេចនោះ ព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រ ឯដើមសាលព្រឹក្សក៏ហាក់ដូចជាយល់ពីរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់។ ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃ១៥កើត ខែវិសាខ ឆ្នាំ ច មុនពុទ្ធស័ករាជ៨០ឆ្នាំ។

បន្ទាប់ពីប្រសូតបាន៥ថ្ងៃ ព្រះញាតិថ្វាយព្រះនាមព្រះរាជកុមារថា    ”សិទ្ធត្ថ” ដែលមានន័យថា “អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេច”

កាឡទេវិលតាបសដែលអាស្រ័យនៅជិតភ្នំហិមពាន្តបានជ្រាបដំណឹងនេះហើយក៏ចូលមកកាន់រាជវាំងភ្លាមហើយព្យាករណ៍ថា”រាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឃើញច្បាស់នូវព្រះនិព្វានដ៏បរិសុទ្ធយ៉ាងក្រៃលែងទ្រង់ញ៉ាំងប្រយោជន៍ដល់ពពួកជនយ៉ាងច្រើនរាប់ចំនួនមិនបានព្រះអង្គនឹងប្រកាសនូវធម្មចក្រទូទាំងសកលលោក”។

.ថ្ងៃទ្រង់ត្រាស់ដឹង

២

ចាប់ផ្តើមពីការចេញសាងព្រះផ្នូសបាន៦ឆ្នាំ ព្រះសិទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ស្ថិតនៅតំបន់ឧរុវេលាសេនានិគម នាពេលទៀបភ្លឺថ្ងៃ ១៥កើត ខែវិសាខ ឆ្នាំរកាមុនពុទ្ធស័ករាជ ៤៥ ឆ្នាំ។ បច្ចុប្បន្នស្ថានទីនេះហៅថា”ពុទ្ធគយា”ដែលជាតំបន់មួយស្ថិតក្នុងក្រុងគយា នៃរដ្ឋពីហារប្រទេសឥណ្ឌា។

ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា  ”សេចក្តីពិតដ៏ប្រសើរ””សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ:

១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក

.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ

.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជា

សេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន

.មគ្គសច្ច ផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ ៨ ប្រការ ។

 .ថ្ងៃទ្រង់បរិនិព្វាន

    ៣

រាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ហើយស្តេចយាងសម្តែងធម៌ដល់សព្វសត្វបាន៤៥ឆ្នាំ។លុះព្រះជន្ម ៨០វស្សាព្រះអង្គបានគង់ចាំវស្សាក្នុងវេឡុគ្រាម ជិតក្រុងវេសាលីដែនវជ្ជី។ក្នុងអំឡុងនៃការចាំវស្សាទីនោះ ព្រះអង្គមានអាពាធយ៉ាងខ្លាំង គ្រានោះគឺថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខព្រះពុទ្ធជាម្ចាស់ព្រមដោយភិក្ខុសង្ឃទាំងឡាយបានទទួលនូវចង្ហាន់បិណ្ឌបាតតាមការនិមន្តពីសំណាក់នាយចុន្ទ។ បន្ទាប់មក ព្រះអង្គបានសោយចង្ហាន់នាយចុន្ទរួចអាពាធរបស់ព្រះអង្គក៏ចាប់ផ្តើមធ្ងន់ទៅៗតាមលំដាប់ហើយស្តេចយាងទៅកាន់ក្រុងកុសិនារា។ សូម្បីខណ:ដែលព្រះអង្គកំពុងអាពាធធ្ងន់ក្តី ក៏ព្រះអង្គនៅតែប្រទាននូវឱវាទជាបច្ឆឹមវាចាថា”ម្នាលភិក្ខុទាំងឡាយសង្ខារធម៌ទាំងឡាយមានកិរិយារលត់ទៅជាធម្មតាអ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងឡាយដែលជាប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដ៏ទៃឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះ”រួចហើយព្រះអង្គក៏បរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំងគូនាក្រុងកុសិនារាក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ។

រក្សាសិទ្ធដោយវត្តមណីរតនារាម

 បានទស្សនា: 1161

មតិរបស់អ្នក!

Leave a comment

Your email address will not be published. Required fields are marked *